Apple លុបចោលគម្រោងផលិតឡាន ក្រោយសិក្សាអស់ ១០ឆ្នាំ

ស្ថាប័ន Bloomberg បានរាយការណ៍ថាក្រុមហ៊ុន Apple បានលុបចោលជាផ្លូវការនូវគម្រោងការផលិតរថយន្តអគ្គិសនី ដោយការសម្រេចចិត្តនេះត្រូវបានប្រកាសផ្ទៃក្នុងពីសំណាក់លោក Jeff Williams ដែលជានាយកប្រតិបត្តិការនៅ Apple និងជាអ្នកមើលការគម្រោងនេះតាំងពីឆ្នាំ២០២១។ ប្រភពខាងលើបានលើកឡើងថា អ្នកគ្រប់គ្រងជាន់ខ្ពស់ភាគច្រើនរបស់ Apple បានសម្រេចចិត្តបែបនេះ ក្នុងពេលថ្មីៗនេះបែបនេះ ដោយគម្រោងការនេះបានឈានដល់ចំណុចមួយដែលមិនអាចបន្តទៅមុខទៀតបាន ហើយលោក Tim Cook ក៏បានរងសម្ពាធពីម្ចាស់ភាគហ៊ុនឲ្យធ្វើការសម្រេចចិត្តផងដែរ។ ប្រភពដដែលបានឲ្យដឹងទៀតថា មានមនុស្សជាង ២ពាន់នាក់ ធ្វើការលើគម្រោង Apple Car ឬគម្រោងការឈ្មោះថា Titan។ ជាផ្នែកនៃការសម្រេចចិត្តនេះ បុគ្គលិកមួយចំនួននឹងត្រូវផ្លាស់ចូលក្រុមការងារអភិវឌ្ឍ AI របស់ Apple ដែលដឹកនាំដោយ John Giannandrea។ Apple ត្រូវបានគេដឹងថាបានធ្វើការលើគម្រោងការរថយន្តអគ្គិសនីចាប់តាំងពីឆ្នាំ២០១៤ ហើយការរាយការណ៍ថ្មីចុងក្រោយមុនដំណឹងនៃការសម្រេចចិត្តខាងលើនេះ គឺ Apple គ្រោងប្រកាសចេញរថយន្តអគ្គិសនីនៅឆ្នាំ២០២៨ ជាមួយតម្លៃប្រមាណ ១០ម៉ឺនដុល្លារ៕